សាកលវិទ្យាល័យកម្ពុជា គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយ ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដែលផ្តល់ការបណ្តុះបណ្តាលនូវកម្មវិធីសិក្សាជាច្រើនដូចជា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យកម្ពុជាមាន សាលា និង មហាវិទ្យាល័យចំនួន ១២ ដែលបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា (RGC) ក្រសួងអប់រំ យុវជន និងកីឡា ហៅកាត់ថា (MoEYS) និង ទទួលស្គាល់គុណភាពដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា(ACC) ។

លើសពីនេះទៀត សាកលវិទ្យាល័យកម្ពុជា បានបង្កើតមជ្ឈមណ្ឌលជាច្រើន ក្នុងការបណ្តុះបណ្តាលនិស្សិតអំពីជំនាញទន់ និងការស្រាវជ្រាវ ដែលក្នុងនោះរួមមាន មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស មជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញ និងអាជីព និងមជ្ឈមណ្ឌលសិក្សាអាស៊ាន។ សាកលវិទ្យា-ល័យកម្ពុជា លើកទឹកចិត្តដល់និស្សិតទាំងអស់ចូលរួមក្នុងសកម្មភាពនានា ដោយបានបង្កើតអោយមាន សភានិស្សិតសាកលវិទ្យាល័យកម្ពុជា ក្លឹបពិភាក្សាសាកលវិទ្យាល័យកម្ពុជា ក្លឹបកីឡាសាកលវិទ្យាល័យកម្ពុជា ក្លឹបយុវជនកាកបាទក្រហមសាកលវិទ្យាល័យកម្ពុជា។ លើសពីនេះទៀត សាកលវិទ្យាល័យកម្ពុជា បានរក្សាកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ អង្គការ និងថ្នាក់ដឹកនាំជាច្រើនទៀតតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលបានផ្តល់ឱកាសដល់និស្សិតជាច្រើន ដូចជាការផ្លាស់ប្តូរការសិក្សា និងឱកាសការងារជាដើម។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យកម្ពុជា

  1. សាកលវិទ្យាល័យកម្ពុជាប្រើប្រាស់ប្រព័ន្ធសិក្សាក្រេឌីត៖ តាមលំនាំសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ ប្រព័ន្ធសិក្សាក្រេឌីតរបស់សាកលវិទ្យាល័យកម្ពុជា អនុញ្ញាតឲ្យនិស្សិតជ្រើសរើសមុខវិជ្ជាសិក្សាផ្សេងបន្ថែមលើមុខវិជ្ជាជំនាញរបស់ខ្លួន។ ប្រព័ន្ធសិក្សានេះជម្រុញឲ្យនិស្សិត ចង់ចេះ ចង់ដឹង ក្នុងការទទួលយកនូវបទពិសោធន៏ដ៏សម្បូរបែបពីកម្មវិធីសិក្សា។ នេះជាកត្តាដែលធ្វើឲ្យនិស្សិតទទួលបាននូវចំណេះដឹងដ៏ទូលំទូលាយ និងភាពបត់បែនក្នុងទីផ្សារការងារ។
  2. សាកលវិទ្យាល័យកម្ពុជា ផ្តល់នូវការបណ្តុះបណ្តាលជាកម្មវីធីសិក្សាអន្តរជាតិ និងជាខេមរៈភាសា៖ និស្សិតអាចជ្រើសរើសការសិក្សាបែបស្តង់ដារអន្តរជាតិនេះជាភាសាអង់គ្លេស ឬខេមរៈភាសា។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យកម្ពុជានឹងជំរុញអោយនិស្សិត មានការប្រកួតប្រជែងខ្ពស់លើទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
  3. សាកលវិទ្យាល័យកម្ពុជាផ្តោតជាចម្បងលើការស្រាវជ្រាវ៖ សាកលវិទ្យាល័យកម្ពុជាផ្តោតសំខាន់លើការស្រាវជ្រាវជាអាទិភាពចម្បង ដែលរួមបញ្ចូលដោយការផ្តល់ចំណេះដឹង បណ្តុះបណ្តាល និងសកម្មភាពសា្រវជ្រាវជាច្រើនទៀតក្នុងកម្មវិធីសិក្សា។ ទាំងអស់នេះជាកត្តាជំរុញអោយនិស្សិតមានឱកាសបង្កើតស្នាដៃដ៏ល្អប្រណីត ហើយបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីជាច្រើនរបស់សាកលវិទ្យាល័យកម្ពុជា។

បរិក្ខាសិក្សា៖

  • អគាសិក្សា
  • បន្ទប់រៀន
  • បន្ទប់អនុវត្តភាសា
  • បន្ទប់អនុវត្តការតបណ្តាញ
  • មជ្ឈមណ្ឌលព័ត៌មានវិទ្យា
  • បណ្ណាល័យ បណ្ឌិតហារុហ៊ីសា ហាន់ដា និងបណ្ណាល័យ អេឡិចត្រូនិច
  • បណ្ណាគារសាកលវិទ្យាល័យកម្ពុជា
  • អាហាដ្ឋាន
  • តារាងបាល់ទាត់

ចក្ខុវិស័យរបស់សាកលវិទ្យាល័យកម្ពុជា

នៅក្នុងសម័យបច្ចេកវិទ្យាព័ត៌មានដែលតម្រូវឲ្យមានប្រភពដើម ការស្រមើលស្រមៃ និងគុណភាព ការអប់រំសាកលវិទ្យាល័យកម្ពុជានឹងក្លាយទៅជាសាកលវិទ្យាល័យឈានមុខមួយនៅកម្ពុជា និងក្នុងតំបន់ និងជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សា ការបង្រៀន ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងការផ្តល់អាហារូបករណ៍។ សាកលវិទ្យាល័យកម្ពុជា មានបំណងក្លាយជាស្ថាប័នជម្រើសសម្រាប់ការអប់រំឧត្តមសិក្សានៅកម្ពុជា និងក្នុងតំបន់ដោយសារតែការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការវិវត្តសង្គម នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មី ក៏ដូចជាដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។ ចក្ខុវិស័យនេះស្តែងចេញតាមរយៈការប្តេជ្ញាចិត្តឥតងាករេដើម្បីគុណភាពអប់រំនៅគ្រប់កម្រិតនៃសាកលវិទ្យាល័យកម្ពុជា។

ដើម្បីគាំទ្រវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យកម្ពុជាមានចក្ខុវិស័យជាសក្តានុពលដូចខាងក្រោម៖

  1. បណ្តុះបណ្តាលនិស្សិតឲ្យជ្រើសរើសជំនាញរបស់ខ្លួនដ៏ល្អបំផុត និងជម្រុញអោយពួកគេក្លាយជាឯកអគ្គរដ្ឋទូតនៃសាកលវិទ្យាល័យកម្ពុជា និងរួមចំណែកដល់សង្គមទាំងមូលក្នុងនាមជា នវានុត្តជន អ្នកដឹកនាំ និងមគ្គុទេ្ទសន៍ជន
  2. ទាក់ទាញសាស្រ្តាចារ្យ និងនិស្សិតឆ្នើមដែលនឹងបង្កើតមធ្យោបាយនវានុវត្តន៍ដើម្បីឈានទៅដោះស្រាយបញ្ហា បង្កើតវិធីសាស្ត្របង្រៀនថ្មី អភិវឌ្ឍចំណេះដឹងថ្មី និងការស្រាវជ្រាវដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ និងតំបន់
  3. ទាក់ទាញនិស្សិតគ្រប់វ័យដែលឧស្សាហ៍ព្យាយាម ច្នៃប្រឌិត បង្កើតថ្មី និងផ្តល់អំណាចដល់ប្រជាពលរដ្ឋដែលមានប្រជ្ញា ភាពចាស់ទុំ សមត្ថភាព ការប្តេជ្ញាចិត្ត និងជាមនុស្សដែលមានចំណេះដឹងបច្ចេកវិទ្យាឲ្យក្លាយទៅជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវ
  4. ផ្លាស់ប្តូរពីបញ្ហាប្រឈមរបស់និស្សិតឲ្យក្លាយទៅជាឱកាសសម្រាប់ការរីកចម្រើនរបស់ពួកគេ
  5. កសាងបណ្តាញ និងសម្ព័ន្ធភាពឲ្យបានរឹងមាំ ដើម្បីពាំនាំយកជំនាញអំពីវិស័យឯកជន និងសហគមន៍ចូលមកសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យកម្ពុជានឹងផ្តល់ចំណេះដឹងនេះទៅដល់កន្លែងការងារ និងសង្គមទាំងមូល
  6. ភ្ជាប់សាកលវិទ្យាល័យកម្ពុជា ជាមួយមជ្ឈមណ្ឌលឧត្តមភាពនានានៅកម្ពុជា និងសាកលវិទ្យាល័យផ្សេងទៀតនៅជុំវិញពិភពលោក
  7. ប្តេជ្ញាយកឲ្យបាននូវតម្លៃនៃគំនិតច្នៃប្រឌិត ធនធានសម្បូរបែប នវានុវត្តន៍ និងការទទួលខុសត្រូវនៅពេលដែលឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរនៃសហគមន៍សាកលវិទ្យាល័យកម្ពុជា និងសង្គមទាំងមូល។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យកម្ពុជា ផ្តោតសំខាន់ទៅលើសមត្ថភាពបញ្ញាវន្ត ធនធានសាកលវិទ្យាល័យ មិត្តភាព និងភាពជាដៃគូរបស់ខ្លួនផងដែរ។

បេសកកម្មរបស់សាកលវិទ្យាល័យកម្ពុជា

សាកលវិទ្យាល័យកម្ពុជា ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការផ្តល់គុណភាពនៃការអប់រំដល់និស្សិតដើម្បីអភិវឌ្ឍផ្នត់គំនិតក្នុងការវែកញែក ការវិភាគ និងប្រឌិតញាណ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយចំណេះដឹងដ៏រឹងមាំ និងប្រកបដោយគុណធម៌ ព្រមទាំងក្លាយជាផ្នែកមួយនៃពលរដ្ឋដែលមានការអប់រំច្បាស់លាស់។ សាកលវិទ្យាល័យកម្ពុជា លើកស្ទួយឧត្តមភាពនៃការសិ-ក្សានៅក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ និងឆ្លើយតបរាល់ការស្នើសុំធ្វើការស្រាវជ្រាវ ការបង្រៀន ការបណ្តុះបណ្តាល តាមរយៈការគិតគូរឡើងវិញនូវរចនាសម្ព័ន្ធ និងគោលបំណងនៃការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។

ការអនុវត្តនេះពាក់ព័ន្ធនឹងការអប់រំ និងការគាំទ្ររបស់សាស្ត្រាចារ្យគ្រប់ទ្រង់ទ្រាយ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ ដើម្បីនាំមកនូវឧត្តមភាព និងនវានុវត្តន៍ទៅក្នុងថ្នាក់រៀន និងដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិត និងសហគមន៍។ គណៈសាស្រ្តាចារ្យតំណាងឲ្យអន្តរកម្មវិស័-យរបស់សាកលវិទ្យាល័យម្ពុជា ក្នុងគោលដៅផ្លាស់ប្តូរវិស័យអប់រំឧត្តមសិក្សានៅកម្ពុជាមានវិធីសាស្រ្តដូចខាងក្រោម៖

  • ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបង្រៀន និងការរៀន
  • ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវ និងភាពច្នៃប្រឌិត
  • ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងភាសា
  • ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការទូត និងប្រព័ន្ធផ្សព្វផ្សាយ
  • ធានាការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែងរបស់សាកលវិទ្យាល័យកម្ពុជា
  • ចងសម្ព័ន្ធភាព និងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យ ក្រុមប្រឹក្សាយោបល់ វិស័យឯកជន និងសាធារណៈ និងបណ្តាស្ថាប័នអាជីវកម្មដូចគ្នាផ្សេងទៀតដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក
  • ជាមជ្ឈមណ្ឌលបន្តការអប់រំ និងការអភិវឌ្ឍសហគមន៍
  • ជាមជ្ឈមណ្ឌលសន្ទនា សន្និសីទ និងអន្តរកម្ម។
ឈ្មោះសាលា
The University of Cambodia (UC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 993 274
+855 23 993 276

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
P.O. Box 917, សង្កាត់ទឹកថ្លា
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ